Skip to content
ប្លុក

របៀបបង្កើតម៉ឺនុយ QR ឥតគិតថ្លៃ ជាជំហានៗ

អត្ថបទនេះពន្យល់ពីរបៀបបង្កើតម៉ឺនុយ QR ជាមួយ MenuForma មួយជំហានម្តងៗ ចាប់ពីម៉ឺនុយដែលហាងកំពុងប្រើ រហូតដល់កូដដែលសាកល្បងរួច ដាក់លើតុ នៅបញ្ជរ ឬក្នុងបន្ទប់សណ្ឋាគារ។ ពេលភ្ញៀវបើកកាមេរ៉ាទូរស័ព្ទស្កេនកូដ ម៉ឺនុយរបស់ហាងនឹងបើកក្នុងកម្មវិធីរុករកលើទូរស័ព្ទ។

គ្រប់ជំហានក្នុងមគ្គុទ្ទេសក៍នេះប្រើគម្រោង ឥតគិតថ្លៃជានិច្ច ដែលជាគម្រោងអចិន្ត្រៃយ៍ មិនមែនការសាកល្បងប្រើទេ។ តម្លៃគឺ 0 ដុល្លារក្នុងមួយខែ ដោយគ្មានថ្ងៃបញ្ចប់ MenuForma មិនគិតថ្លៃលើការកុម្ម៉ង់នីមួយៗ ហើយពេលចុះឈ្មោះក៏មិនត្រូវការកាតដែរ។ ចំណែកភ្ញៀវវិញ មិនចាំបាច់ដំឡើងកម្មវិធីអ្វីឡើយ។

អ្វីដែលគួររៀបចំមុនបង្កើតម៉ឺនុយ QR

សូមរៀបចំរបស់បួនយ៉ាងនេះទុកជាមុន។ ការងារភាគច្រើនបន្ទាប់ពីនោះគឺការត្រួតពិនិត្យ ជាជាងការវាយម៉ឺនុយឡើងវិញទាំងអស់។

  • ម៉ឺនុយបច្ចុប្បន្នក្នុងទម្រង់ណាក៏បាន៖ រូបថតម៉ឺនុយក្រដាស ឯកសារ PDF ពីរោងពុម្ព ឯកសារ Excel ឬ Word ឬតំណទំព័រម៉ឺនុយលើគេហទំព័ររបស់ហាង។
  • បញ្ជីកន្លែងដែលនឹងបិទកូដ៖ លេខតុ បញ្ជរ កញ្ចក់មុខហាង ឬលេខបន្ទប់។
  • ឯកសាររូបសញ្ញារបស់ហាង ប្រសិនបើចង់ដាក់វានៅកណ្តាលកូដ។
  • ម៉ាស៊ីនបោះពុម្ព ឬហាងបោះពុម្ពដែលធ្វើស្លាកតាំងលើតុ និងស្ទីគ័របាន។

ជំហានទី 1៖ ចុះឈ្មោះ និងបង្កើតហាង

អ្នកអាចចុះឈ្មោះបានបីវិធី៖ ចុះឈ្មោះដោយប្រើ Google ចុះឈ្មោះដោយប្រើ Apple ឬ ចុះឈ្មោះដោយប្រើកូដអ៊ីមែល។ បើជ្រើសអ៊ីមែល MenuForma នឹងផ្ញើកូដផ្ទៀងផ្ទាត់ទៅប្រអប់សំបុត្ររបស់អ្នក។ គ្មានជំហានណាសុំព័ត៌មានកាតឡើយ។

បន្ទាប់មក ប្រព័ន្ធនាំអ្នកទៅទំព័រ បង្កើតភោជនីយដ្ឋានរបស់អ្នក ដែលសួរព័ត៌មានបួន៖ ឈ្មោះភោជនីយដ្ឋាន ប្រភេទម្ហូប ភាសាម៉ឺនុយ និង រូបិយប័ណ្ណ។ គម្រោងឥតគិតថ្លៃមានភាសាម៉ឺនុយតែមួយ ដូច្នេះភាសាដែលជ្រើសនៅទីនេះគឺជាភាសាដែលភ្ញៀវនឹងអាន។ ហាងដែលភ្ញៀវភាគច្រើនជាអ្នកស្រុកច្រើនជ្រើសភាសាខ្មែរ ចំណែកហាងនៅតំបន់ទេសចរណ៍ ដូចជានៅក្រុងសៀមរាប ដែលភ្ញៀវស្ទើរតែទាំងអស់ជាជនបរទេស អាចជ្រើសភាសាអង់គ្លេស។

ជំហានទី 2៖ នាំមុខម្ហូបចូលប្រព័ន្ធ

នៅទំព័ររៀបចំដំបូង អ្នកអាចចុច Upload a photo ដើម្បីផ្ញើរូបថត ឬឯកសារម៉ឺនុយ ប្រើ Import from a link ដើម្បីទាញម៉ឺនុយពីគេហទំព័រសាធារណៈ ឬចុច Add items manually ហើយវាយបញ្ចូលដោយខ្លួនឯង។ ប៊ូតុងទាំងបីនេះនៅតែបង្ហាញជាភាសាអង់គ្លេស ទោះបីអេក្រង់ជាភាសាខ្មែរក៏ដោយ។

ក្រោយមក នៅក្នុង កម្មវិធីគ្រប់គ្រងម៉ឺនុយ មានប៊ូតុង នាំចូលដោយ AI ដែលអានរូបថត PDF ឯកសារ Excel (.xlsx/.xls) និង Word (.doc/.docx) បាន។ អ្នកអាចផ្ញើឯកសារច្រើនក្នុងពេលតែមួយ ឬថតម៉ឺនុយដោយកាមេរ៉ាទូរស័ព្ទផ្ទាល់។ ចំណែក ទាញយកមុខម្ហូបពី URL ប្រើសម្រាប់អានម៉ឺនុយពីគេហទំព័រ។

គណនីថ្មីទទួលបានក្រេឌីតស្វាគមន៍ 30 ដែលប្រើបានក្នុងរយៈពេល 30 ថ្ងៃ។ ការនាំចូលដោយ AI ម្តងៗប្រើ 5 ក្រេឌីត។ ការវាយបញ្ចូលមុខម្ហូបដោយខ្លួនឯងមិនប្រើក្រេឌីតទេ ហើយកូដ QR ការទទួលការកុម្ម៉ង់ និងការកែម៉ឺនុយពេលក្រោយក៏មិនប្រើក្រេឌីតដែរ។

ក្រោយនាំចូលរួច សូមពិនិត្យម្តងមួយមុខមុនបោះពុម្ព។ ផ្ទៀងឈ្មោះ និង តម្លៃ ឱ្យត្រូវនឹងការពិត ប្រើ Variants / Sizes សម្រាប់មុខម្ហូបដែលមានច្រើនទំហំ ដូចជាគុយទាវធម្មតា និងពិសេស ឬកាហ្វេទឹកដោះគោទឹកកកកែវតូច និងកែវធំ បន្ថែម ការពិពណ៌នា ឱ្យមុខម្ហូបដែលភ្ញៀវប្រហែលមិនស្គាល់ ហើយចុច ផ្ទុករូបភាព ដើម្បីដាក់រូបម្ហូបដែលហាងថតផ្ទាល់។ មុខដែលខ្វះអាចបន្ថែមដោយ បន្ថែមប្រភេទ និង បន្ថែមមុខទំនិញ ហើយប្រភេទនីមួយៗអាចចែកជាប្រភេទរងបានទៀត។

ចំពោះ សារធាតុបង្កអាលែកហ្ស៊ី ក្រោយការនាំចូលដោយ AI រួច MenuForma អាចស្នើសារធាតុដែលវារកឃើញ ហើយប៊ូតុង បាទ/ចាស ដាក់ស្លាកដោយស្វ័យប្រវត្តិ នឹងដាក់ស្លាកជូនសិន ដើម្បីឱ្យអ្នកពិនិត្យបន្ត។ បញ្ជីក្នុងប្រព័ន្ធមានសារធាតុបង្កអាលែកហ្ស៊ី 14 ប្រភេទដែលច្បាប់សហភាពអឺរ៉ុបតម្រូវឱ្យភោជនីយដ្ឋានប្រកាស និងប្រភេទផ្សេងទៀត ដូចជាខ្ទឹមស ឬគ្រឿងស្រវឹង។ អ្នកត្រូវពិនិត្យស្លាកនីមួយៗដោយខ្លួនឯង ព្រោះហាងជាអ្នកទទួលខុសត្រូវលើព័ត៌មាននេះ។ សូមប្រយ័ត្នជាពិសេសចំពោះគ្រឿងផ្សំដែលមើលមិនឃើញ ដូចជាសណ្តែកដីក្នុងបុកល្ហុង ប្រហុក ឬទឹកត្រីក្នុងទឹកជ្រលក់។ ទំព័រម៉ឺនុយរបស់ភ្ញៀវបង្ហាញរូបតំណាងសារធាតុបង្កអាលែកហ្ស៊ី ព្រមទាំងសារស្នើឱ្យភ្ញៀវប្រាប់បុគ្គលិក ប្រសិនបើមានអាលែកហ្ស៊ី។

ជំហានទី 3៖ កំណត់អាសយដ្ឋានម៉ឺនុយមុនបោះពុម្ព

កូដ QR ទាំងអស់ចង្អុលទៅ URL ម៉ឺនុយ ដែលជាអាសយដ្ឋានសាធារណៈនៃម៉ឺនុយរបស់អ្នក ក្នុងទម្រង់ menuforma.com/m/ បន្តដោយឈ្មោះដែលអ្នកកំណត់។ កូដរបស់ MenuForma ជាកូដថេរ៖ វាផ្ទុកអាសយដ្ឋានម៉ឺនុយដោយផ្ទាល់ មិនមែនតំណខ្លីដែលអាចផុតកំណត់ទេ ដូច្នេះវានៅតែដំណើរការដរាបណាម៉ឺនុយនៅតែផ្សាយនៅអាសយដ្ឋាននោះ។

ការកែឈ្មោះម្ហូប តម្លៃ រូបភាព ឬសារធាតុបង្កអាលែកហ្ស៊ី មិនធ្វើឱ្យអាសយដ្ឋានប្តូរទេ ហេតុនេះស្លាកដែលបោះពុម្ពរួចនៅតែប្រើបាន។ ប៉ុន្តែបើប្តូរអាសយដ្ឋានខ្លួនឯង អ្នកត្រូវបោះពុម្ពកូដថ្មីទាំងអស់ ដូច្នេះសូមកំណត់ឈ្មោះដែលពេញចិត្តឱ្យរួចរាល់ មុនផ្ញើទៅរោងពុម្ព។

ជំហានទី 4៖ ជ្រើសប្រភេទកូដឱ្យសមនឹងហាង

បើកទំព័រ លេខកូដ QR នោះអ្នកនឹងឃើញផ្ទាំងជាច្រើន។ ផ្ទាំងនីមួយៗកំណត់នូវអ្វីដែលភ្ញៀវអាចធ្វើបានក្រោយពេលស្កេន។ ប្រភេទប្រាំខាងក្រោមនេះស្ថិតក្នុងគម្រោងឥតគិតថ្លៃ៖

  • តាមតុ៖ កូដមួយសម្រាប់តុមួយ។ ភ្ញៀវកុម្ម៉ង់ពីទូរស័ព្ទដោយខ្លួនឯង ហើយការកុម្ម៉ង់ចូលទៅទំព័រ ការបញ្ជាទិញ និង អេក្រង់ផ្ទះបាយ ព្រមទាំងលេខតុ។ សមស្របសម្រាប់ភោជនីយដ្ឋានដែលមានតុថេរ ហាងសាច់អាំង ឬតូបម្ហូបតាមផ្លូវដែលមានតុឱ្យអង្គុយ។
  • រួមបញ្ចូល៖ កូដតែមួយសម្រាប់ហាងទាំងមូល សមស្របសម្រាប់បញ្ជរ បារ ហាងកាហ្វេ ឬតូបក្នុងផ្សាររាត្រី។ ការកុម្ម៉ង់នីមួយៗទទួលបាន លេខបញ្ជាទិញ # ផ្ទាល់ខ្លួន។
  • សណ្ឋាគារ៖ កូដមួយសម្រាប់បន្ទប់មួយ។ ការកុម្ម៉ង់ម្ហូបទៅបន្ទប់មកដល់ជាមួយលេខបន្ទប់ ភ្ញៀវអាចជ្រើសម៉ោងដែលចង់ឱ្យយកម្ហូបទៅជូន ហើយបន្ទប់ដែលអ្នកកំណត់អាចប្រើ គិតប្រាក់ចូលបន្ទប់ បាន។
  • បង្ហាញតែប៉ុណ្ណោះ៖ មើលម៉ឺនុយបានតែប៉ុណ្ណោះ ជ្រើស ឬកុម្ម៉ង់មិនបានទេ។ សមស្របសម្រាប់កញ្ចក់មុខហាង បណ្តាញសង្គម Google Maps ឬគេហទំព័រវាយតម្លៃ។
  • ជ្រើសដោយខ្លួនឯង៖ ភ្ញៀវជ្រើសមុខម្ហូបលើទូរស័ព្ទ រួចបង្ហាញបញ្ជីនោះដល់អ្នករត់តុ ដែលជាអ្នកកត់ការកុម្ម៉ង់។ គ្មានទិន្នន័យណាត្រូវបានផ្ញើចូលប្រព័ន្ធទេ។

បន្ថែមតុ បន្ទប់ និងកូដតាមប្រភេទមុខម្ហូប

សម្រាប់ផ្ទាំង តាមតុ សូមចូល គ្រប់គ្រងតុ ហើយបន្ថែមតុម្តងមួយ ឬប្រើ Batch Generate ដើម្បីបង្កើតជាជួរ ដូចជាតុ 1 ដល់តុ 20 ឬ 101–120 ដោយអាចដាក់បុព្វបទក៏បាន។ ប្រសិនបើមានបញ្ជីតុរួចហើយ ប្រើ នាំចូលពីឯកសារ ជាមួយឯកសារ CSV, Excel ឬ TXT ដែលមានឈ្មោះតុមួយក្នុងមួយជួរ។ សណ្ឋាគារ និងផ្ទះសំណាក់បន្ថែមបន្ទប់តាមរបៀបដូចគ្នា នៅក្នុង គ្រប់គ្រងបន្ទប់។

ផ្ទាំង By Category (អេក្រង់នៅតែបង្ហាញជាភាសាអង់គ្លេស) បង្កើតកូដដាច់ដោយឡែកសម្រាប់ប្រភេទមុខម្ហូបនីមួយៗ រួមទាំងប្រភេទរង។ ពេលស្កេន ម៉ឺនុយនឹងបើកត្រង់ប្រភេទនោះតែម្តង ឧទាហរណ៍ កូដបញ្ជីភេសជ្ជៈនៅបារ កូដបញ្ជីស្រាទំពាំងបាយជូរក្នុងភោជនីយដ្ឋានបារាំង ឬកូដបង្អែមក្បែរទូនំខេករបស់ហាងកាហ្វេ។

កូដ ដឹកជញ្ជូន និង តាប្លេត ប្រើបានតែក្នុងគម្រោង ធម្មតា ដែលជាគម្រោងបង់ប្រាក់។ អ្វីៗផ្សេងទៀតក្នុងមគ្គុទ្ទេសក៍នេះស្ថិតក្នុង ឥតគិតថ្លៃជានិច្ច។

ជំហានទី 5៖ រចនាកូដឱ្យងាយស្កេន

ប៊ូតុង កំណត់រចនាប័ទ្ម QR បើកទំព័ររចនា។ ចាប់ផ្តើមពី ពុម្ព ដែលមានស្រាប់ប្រាំបួនបែប រួចកែ លំនាំចំនុច រាងភ្នែក ពណ៌ចំនុច ពណ៌ផ្ទៃខាងក្រោយ និងពណ៌ភ្នែកតាមចិត្ត។ នៅផ្នែក រូបសញ្ញា ជ្រើស ប្រើរូបសញ្ញាភោជនីយដ្ឋាន ឬផ្ទុករូបផ្សេងសម្រាប់ដាក់កណ្តាលកូដ ហើយបន្ថែមឃ្លាខ្លីនៅក្រោមកូដពីឃ្លាដែលមានស្រាប់ ដូចជា ស្កេនដើម្បីបញ្ជាទិញ ឬ មើលបញ្ជីមុខម្ហូប។ ពេលពេញចិត្ត ចុច រក្សាទុកការរចនា ការរចនានេះនឹងអនុវត្តលើកូដទាំងអស់ក្នុងផ្ទាំងនោះ។

កូដស្អាតតែស្កេនមិនចេញ ក៏គ្មានប្រយោជន៍។ គោលការណ៍សាមញ្ញខាងក្រោមជួយឱ្យស្កេនបានងាយ៖

  • ប្រើចំណុចពណ៌ចាស់លើផ្ទៃពណ៌ស្រាល។ កូដដែលបញ្ច្រាសពណ៌អាចស្កេនមិនចេញលើទូរស័ព្ទខ្លះ។
  • ទុកគែមទំនេរជុំវិញកូដ ហើយឱ្យរូបសញ្ញាតូច។
  • ភ្ញៀវនៅកាន់តែឆ្ងាយ កូដត្រូវកាន់តែធំ។ ច្បាប់ទូទៅគឺទទឹងកូដប្រហែលមួយភាគដប់នៃចម្ងាយស្កេន៖ កូដលើតុដែលស្កេនពីចម្ងាយ 40 សង់ទីម៉ែត្រ គួរមានទទឹងប្រហែល 4 សង់ទីម៉ែត្រ ហើយផ្ទាំងមុខហាងដែលមើលពីចម្ងាយ 2 ម៉ែត្រ គួរមានប្រហែល 20 សង់ទីម៉ែត្រ។
  • ជៀសវាងការស្រោបប្លាស្ទិកភ្លឺរលោងដែលចាំងពន្លឺភ្លើង ឬពន្លឺថ្ងៃ។
  • ស្កេនសាកល្បងរាល់ពេល មុនបោះពុម្ពច្រើន។

ជំហានទី 6៖ ទាញយក និងបោះពុម្ព

កាតកូដនីមួយៗមានប៊ូតុង ទាញយក សម្រាប់រូបភាព PNG។ ទំព័ររចនាក៏អាចនាំចេញជា PNG ឬ SVG បានដែរ។ SVG ជាឯកសារវ៉ិចទ័រ ពង្រីកធំប៉ុណ្ណាក៏មិនព្រិល ស័ក្តិសមសម្រាប់ផ្ញើទៅហាងបោះពុម្ពធ្វើផ្ទាំងធំ។ បើចង់បានកូដនៃតុ ឬបន្ទប់ទាំងអស់ក្នុងពេលតែមួយ ចុច ទាញយកទាំងអស់ (ZIP) នោះអ្នកនឹងទទួលបានរូប PNG ទាំងអស់ក្នុងឯកសារ ZIP តែមួយ។ ចំណែក បោះពុម្ព A4 បើកសន្លឹកបោះពុម្ពទំហំ A4 ដែលរៀបកូដបីក្នុងមួយជួរ កូដនីមួយៗមានឈ្មោះតុ ឬបន្ទប់ និងមានបន្ទាត់ស៊ុមសម្រាប់កាត់។

សូមដាក់កូដនៅកន្លែងដែលភ្ញៀវមើលឃើញពេលកំពុងជ្រើសម្ហូប ដូចជាស្លាកតាំង ឬស្ទីគ័រលើតុ បញ្ជរកុម្ម៉ង់ ច្រកចូល ឬកញ្ចក់មុខហាង និងសៀវភៅព័ត៌មាន ឬកាតក្បែរគ្រែក្នុងបន្ទប់សណ្ឋាគារ។ បើចង់រក្សាកូដទុកក្នុងទូរស័ព្ទសម្រាប់សាកស្កេន សូមចុចឱ្យជាប់លើរូបកូដ រួចរក្សាទុកក្នុងអាល់ប៊ុមរូបថត។

ជំហានទី 7៖ ចែករំលែកម៉ឺនុយតាមអនឡាញ

ប៊ូតុង ចម្លងតំណភ្ជាប់សម្រាប់មើលតែប៉ុណ្ណោះ ផ្តល់តំណម៉ឺនុយសម្រាប់មើលតែប៉ុណ្ណោះ ដែលអាចដាក់លើ Facebook Page របស់ហាង ក្នុង Bio របស់ Instagram ឬ TikTok លើ Google Business Profile ឬគេហទំព័រ ហើយក៏អាចផ្ញើតាម Telegram និង Messenger ឱ្យភ្ញៀវមើលមុនមកដល់ហាង។ ចំណែក ចម្លងតំណភ្ជាប់ការកម្ម៉ង់ ចម្លងតំណដែលអាចកុម្ម៉ង់បាន សម្រាប់កន្លែងដែលអ្នកចង់ឱ្យភ្ញៀវកុម្ម៉ង់តាមតំណ។

ជំហានទី 8៖ សាកល្បងមុនបើកលក់ពិត

ការសាកល្បងមួយជុំពេលហាងមិនទាន់បើក ប្រសើរជាងជួបបញ្ហាពេលភ្ញៀវពេញហាង។ ក្នុងពេលសាកល្បង សូមធ្វើខ្លួនជាភ្ញៀវ៖ ចុច បន្ថែមកំណត់ចំណាំ ហើយសរសេរថា មិនដាក់ជីរវ៉ាន់ស៊ុយ ឬហឹរតិច រួចបើក ការបញ្ជាទិញរបស់ខ្ញុំ ដើម្បីមើលថាអាចតាមដានការកុម្ម៉ង់បាន។ ដាក់ស្លាកដែលបោះពុម្ពរួចនៅកន្លែងពិត ហើយពិនិត្យតាមបញ្ជីខាងក្រោម៖

  • ស្កេនកូដនីមួយៗដោយទូរស័ព្ទយ៉ាងហោចណាស់ពីរគ្រឿង គឺ iPhone និង Android ពីចម្ងាយដែលភ្ញៀវអង្គុយ ក្រោមពន្លឺពិតរបស់ហាង ទាំងពេលថ្ងៃ និងពេលល្ងាច។
  • ផ្ញើការកុម្ម៉ង់សាកល្បងពីកូដ តាមតុ ហើយពិនិត្យថាវាចូលទំព័រ ការបញ្ជាទិញ ជាមួយលេខតុត្រឹមត្រូវ។
  • បើកកូដ បង្ហាញតែប៉ុណ្ណោះ ហើយពិនិត្យថាគ្មានប៊ូតុងបន្ថែមមុខម្ហូប។
  • ហុចទូរស័ព្ទឱ្យអ្នកដែលមិនធ្លាប់ឃើញម៉ឺនុយនេះសាកប្រើ ហើយសង្កេតមើលថាគេជាប់គាំងត្រង់ណា។

កែម៉ឺនុយដោយមិនបាច់បោះពុម្ពស្លាកថ្មី

កូដចង្អុលទៅអាសយដ្ឋានម៉ឺនុយ មិនមែនទៅឯកសារទេ ដូច្នេះរាល់ការផ្លាស់ប្តូរធ្វើនៅក្នុង កម្មវិធីគ្រប់គ្រងម៉ឺនុយ ដោយមិនចាំបាច់ប៉ះស្លាកលើតុ។ ដំឡើងតម្លៃ បន្ថែមម្ហូបពិសេសសម្រាប់ចូលឆ្នាំខ្មែរ ឬដកមុខដែលឈប់លក់ចេញ ភ្ញៀវនឹងឃើញម៉ឺនុយថ្មីតាមរយៈកូដដដែល។

បើម្ហូបអស់ពេលកំពុងលក់ ដូចជាបាយសាច់ជ្រូកអស់តាំងពីម៉ោង 9 ព្រឹក សូមចុច សម្គាល់ថាអស់ស្តុក។ មុខម្ហូបនោះនៅតែមានក្នុងម៉ឺនុយ ប៉ុន្តែមានស្លាក លក់អស់ ហើយគ្មានប៊ូតុងបន្ថែម ដូច្នេះគ្មាននរណាកុម្ម៉ង់ម្ហូបដែលផ្ទះបាយលែងមានទៀតទេ។

ប្រៀបធៀបគម្រោងឥតគិតថ្លៃ និងគម្រោងបង់ប្រាក់

គ្រប់ជំហាននៃការបង្កើតម៉ឺនុយ QR ខាងលើប្រើបានក្នុងគម្រោង ឥតគិតថ្លៃជានិច្ច។ ចំណែកគម្រោង ធម្មតា ជាគម្រោងបង់ប្រាក់ដែលអាចជ្រើសតាមតម្រូវការ សម្រាប់ហាងដែលមានសាខាច្រើន ឬត្រូវការម៉ឺនុយច្រើនភាសា។ ទិដ្ឋភាពទូទៅនៃសេវាទាំងអស់មាននៅ ទំព័រដើម MenuForma ភាសាខ្មែរ។

ឥតគិតថ្លៃជានិច្ច ធម្មតា
តម្លៃ 0 ដុល្លារក្នុងមួយខែ គ្មានថ្ងៃបញ្ចប់ បង់ប្រាក់ ជ្រើសតាមចិត្ត
ចំនួនហាង 1 ច្រើន
ភាសាម៉ឺនុយ 1 ច្រើន ជាមួយការបកប្រែស្វ័យប្រវត្តិ
ប្រភេទកូដ តាមតុ រួមបញ្ចូល សណ្ឋាគារ បង្ហាញតែប៉ុណ្ណោះ ជ្រើសដោយខ្លួនឯង និង By Category បន្ថែម ដឹកជញ្ជូន និង តាប្លេត
ទំព័ររចនាកូដ, PNG និង SVG, ZIP, សន្លឹក A4 មាន មាន
ទំព័រការកុម្ម៉ង់ និងអេក្រង់ផ្ទះបាយ មាន មាន
ថ្លៃលើការកុម្ម៉ង់នីមួយៗ គ្មាន គ្មាន
ការបង់ប្រាក់ ភ្ញៀវបង់ឱ្យបុគ្គលិកជា សាច់ប្រាក់ ឬ កាត បន្ថែម បង់ប្រាក់អនឡាញ តាម Stripe
ការរចនាម៉ឺនុយ ពុម្ព បែបបុរាណ ពុម្ពច្រើនទៀត កំណត់ពណ៌ និងពុម្ពអក្សរបាន
រូបម្ហូប រូបដែលហាងថតផ្ទាល់ រូបរបស់ហាង ឬរូបបង្កើតដោយ AI
គណនីបុគ្គលិក និង ការវិភាគ គ្មាន មាន
ស្លាក MenuForma លើម៉ឺនុយ បង្ហាញ Powered by MenuForma តូចមួយ អាចដកចេញ

សំណួរដែលសួរញឹកញាប់

តើម៉ឺនុយ QR របស់ MenuForma ពិតជាឥតគិតថ្លៃមែនទេ?

ពិតមែន។ គម្រោង ឥតគិតថ្លៃជានិច្ច មានតម្លៃ 0 ដុល្លារក្នុងមួយខែ ដោយគ្មានថ្ងៃបញ្ចប់ ហើយ MenuForma មិនគិតថ្លៃលើការកុម្ម៉ង់នីមួយៗ។ អ្នកបង់ប្រាក់តែពេលជ្រើសគម្រោង ធម្មតា ដើម្បីប្រើមុខងារ ដូចជាការដឹកជញ្ជូន ច្រើនភាសា ឬការបង់ប្រាក់អនឡាញ។

តើកូដ QR នឹងផុតកំណត់ទេ?

ទេ។ កូដផ្ទុកអាសយដ្ឋានម៉ឺនុយដោយផ្ទាល់ មិនពឹងលើតំណខ្លីដែលអាចត្រូវបិទ ដូច្នេះវាប្រើបានដរាបណាម៉ឺនុយនៅតែផ្សាយនៅអាសយដ្ឋាននោះ។ អ្នកត្រូវបោះពុម្ពថ្មីតែពេលប្តូរ URL ម៉ឺនុយ ប៉ុណ្ណោះ។

តើភ្ញៀវត្រូវដំឡើងកម្មវិធីទេ?

មិនចាំបាច់ទេ។ ភ្ញៀវស្កេនដោយកាមេរ៉ាទូរស័ព្ទ ហើយម៉ឺនុយបើកក្នុងកម្មវិធីរុករក។ ពួកគេត្រូវការតែអ៊ីនធឺណិត មិនត្រូវការកម្មវិធី គណនី ឬកាតទេ។

តើភ្ញៀវអាចបង់ប្រាក់តាមម៉ឺនុយបានទេ?

ក្នុងគម្រោងឥតគិតថ្លៃ ភ្ញៀវផ្ញើការកុម្ម៉ង់ពីទូរស័ព្ទ ហើយបង់ឱ្យបុគ្គលិកជាសាច់ប្រាក់ ឬកាត។ ការបង់ប្រាក់អនឡាញតាម Stripe មាននៅក្នុងគម្រោង ធម្មតា៖ MenuForma មិនយកកម្រៃជើងសារពីការបង់តាម Stripe ទេ ប៉ុន្តែ Stripe នៅតែគិតថ្លៃដំណើរការរបស់ខ្លួន។

តើអាចបង្កើតម៉ឺនុយ QR ដាច់ដោយឡែកសម្រាប់ភេសជ្ជៈបានទេ?

បាន។ ផ្ទាំង By Category បង្កើតកូដតាមប្រភេទមុខម្ហូប ពេលស្កេន ម៉ឺនុយនឹងបើកត្រង់ភេសជ្ជៈ ស្រាទំពាំងបាយជូរ ឬបង្អែមដែលអ្នកជ្រើស។

ពេលក្រេឌីតស្វាគមន៍អស់ តើមានអ្វីកើតឡើង?

ក្រេឌីតប្រើតែសម្រាប់ការនាំចូលម៉ឺនុយដោយ AI ប៉ុណ្ណោះ។ អ្នកនៅតែអាចបន្ថែម និងកែមុខម្ហូបដោយខ្លួនឯងក្នុង កម្មវិធីគ្រប់គ្រងម៉ឺនុយ បានជានិច្ច ចំណែកកូដ QR និងការកុម្ម៉ង់មិនប្រើក្រេឌីតទាល់តែសោះ។

ប្រសិនបើមានរូបថតម៉ឺនុយចាស់ក្នុងទូរស័ព្ទ ឬមានឯកសារ PDF ដែលធ្លាប់ផ្ញើទៅរោងពុម្ព អ្នកអាចចាប់ផ្តើមបានហើយ។ ចុះឈ្មោះគណនី MenuForma ឥតគិតថ្លៃ នាំចូលម៉ឺនុយ ហើយបោះពុម្ពកូដដំបូងដាក់លើតុ។ បើចង់មើលព័ត៌មានលម្អិតនៃគម្រោងជាមុន សូមចូលអានទំព័រ កម្មវិធីបង្កើតម៉ឺនុយ QR ឥតគិតថ្លៃ។

អត្ថបទដែលទាក់ទង

ផលិតផល MenuForma